នេះបទព្រហ្មប្រាជ្ញប្រែ | | ប្រាយប្រាប់ខ្មែរទាំងប្រុសស្រី |
ឲ្យប្រិតប្រុងស្មាតី | | គួរគប្បីឲ្យឧស្សាហ៍។ |
កុំខ្ជិលកុំល្ងង់ពេក | | ខំរៀនលេខរៀនអក្ខរា |
រៀនគ្រប់សព្វធម៌អាថិ | | ប្រាជ្ញាផ្សំនឹងគំនិត ។ |
កំណើតកើតជាមនុស្ស | | មើលឲ្យធ្លុះទោះឆ្ងាយជិត |
ចេះស្ទាត់ប្រាកដពិត | | គិតការអ្វីបានគ្រប់យ៉ាង។ |
មនុស្សល្ងង់មិនផ្អើលភ្ញាក់ | | ដូចភ្នែកខ្វាក់ទាំងសងខាង |
មានរូបគ្មានអ្វីអាង | | សាងបាបថោកកើតមកខ្លៅ។ |
ពូជមនុស្សទោះខ្ពស់ទាប | | កាត់តាមភាពត្រកូលផៅ |
អាក្រក់ល្អសខ្មៅ | | កាត់កូនចៅដូចដូនតា។ |
ពូជល្ងង់មិនបានបួស | | ទុកជាទោសនឹងសាសនា |
អ្នកបួសចេះធម៌អាថិ | | កូនសិក្សាខំរៀនសូត្រ ។ |
ពូជខ្លៅមិនសូវប្រាជ្ញ | | ពូជកោងកាចមិនសូវស្លូត |
ពូជត្រង់ៗរហូត | | ពូជភរភូតមិនផុតផៅ ។ |
ឪពុកម្តាយស្លូតត្រង់ | | ចិត្តមិនចង់ឲ្យកូនខ្លៅ |
ជេរវាយស្តីប្រេដៅ | | ឲ្យកូនចៅបានចេះដឹង។ |
ឪពុកគ្មានតំរិះ | | ឃើញកូនចេះមិនដែលខឹង |
ឃើញកូនខំប្រិតប្រឹង | | ឪពុកដឹងតែងត្រេកអរ។ |
ដាស់តឿនកើនរំលឹក | | ជេរល្ងាចព្រឹកខ្លាចកូនក្រ |
ចង់ឲ្យតែកូនល្អ | | លោមអង្វរឲ្យកូនខំ។ |
កូនកាចបំពេញទុក្ខ | | ម្តាយឪពុកមានបារម្ភ |
កូនស្លូតដឹងគួរសម | | មេបាថ្កុំថ្កើងកេរ្តិ៍ឈ្មោះ។ |
ឪពុកម្តាយក្សត់ខ្សោយ | | កុំបណ្តោយឲ្យអាប់យស |
ខំរៀនឲ្យបានខ្ពស់ | | គ្រាន់សង្រ្គោះដល់មេបា។ |
អ្នកល្ងង់ហេតុពីខ្ជិល | | ឥតមន្ទិលរឿងធម៌អាថិ |
គួរកូនចៅសិក្សា | | រៀនអក្ខរាទាំងប្រុសស្រី។ |
កាលអង្គព្រះសាស្តា | | មានថេរាមានថេរី |
ភិក្ខុភិក្ខុនី | | ធម៌បាលីចេះចាំស្ទាត់។ |
លោកសង្ឃខ្លះចេះស្ទើរ | | ចេះភ្លើៗធ្វើឲ្យភ្លាត់ |
ព្រះអង្គទ្រង់សន្មត | | សិក្ខាបទដល់ឥឡូវ ។ |
ទំលាប់ទំនៀមខ្មែរ | | ខំធ្វើស្រែចង់បានស្រូវ |
អ្នករៀនច្បាប់ខុសត្រូវ | | ទុកជាផ្លូវភ្លឺប្រាជ្ញា។ |
ស្រុកសៀមលាវបារាំង | | ចេះតតាំងពីដូនតា |
ចេះលេខចេះអក្ខរា | | សរសេរចារទាំងប្រុសស្រី។ |
ជាតិខ្មែរមិនចេះខ្មាស | | នាំពីចាស់គំនិតខ្លី |
ល្ងង់ដប់ចេះពីរបី | | ចេះជួញក្តីមិនចេះច្បាប់។ |
មិនចេះលេខអក្សរ | | មុខមាត់ល្អប្រាជ្ញាអាប់ |
ឈ្មោះខ្លួនភ្នែកខ្លួនស្រាប់ | | គេសូត្រប្រាប់ទើបបានដឹង។ |
ភ្នែកជាភ្លឺក្រលែត | | ល្ងង់ព្រោះហេតុមិនខំប្រឹង |
កើតទាស់មានចិត្តខឹង | | ពឹងរកគេសរសេរឲ្យ។ |
មនុស្សក្រហេតុពីខ្ជិល | | មិនរមិលមើលមុខក្រោយ |
ម្យ៉ាងខ្សត់ពីព្រោះខ្សោយ | | ញឹងខាងឲ្យរង្វើលរក ។ |
ម្យ៉ាងក្រពីព្រោះល្ងង់ | | ជួញលិចលង់មិនលៃលក |
ទិញថ្លៃទៅលក់ថោក | | ចេះតែយកគិតមិនយល់ ។ |
អ្នកមានៗគំនិត | | ដេកដើរគិតកើតរវល់ |
ប្រាជ្ញាជាឫគល់ | | កើតអំពល់អំពីទ្រព្យ។ |
អ្នកល្ងង់និងអ្នកចេះ | | បើនឹងរិះរាយរៀបរាប់ |
អ្នកចេះប្រសើរគាប់ | | ល្ងង់ឥតភ័ព្វអាប់រាសី។ |
មានរូបមានជីវិត | | មិនចេះគិតចង់ដឹងអ្វី |
រូបប្រុសរិកដូចស្រី | | នឹងហ៊ានស្តីគ្មានគេស្តាប់។ |
ល្ងង់ម្យ៉ាងមានអំណាច | | ល្ងង់កោងកាចអាងចាក់កាប់ |
ឆាប់ខឹងមិនដឹងច្បាប់ | | កាលណាស្លាប់គេត្រេកអរ។ |
អ្នកចេះតំរិះដល់ | | អ្នកល្ងង់ឆ្ងល់មិនសល់ក្រ |
ចេះល្ឥតចិត្តជាល្អ | | សួយអាករចូលមិនខ្វះ។ |
ចេះម្យ៉ាងមានអំណាច | | អ្នកខ្លៅខ្លាចឱនសំពះ |
គេខុសជេរដៀលត្មេះ | | អ្នកខ្លៅខ្លះគេលបខឹង។ |
ប្រាជ្ញម្យ៉ាងចេះសព្វសុស | | ប្រព្រឹត្តខុសនោះមិនដឹង |
មិនគិតពិនិត្យថ្លឹង | | ប្រាជ្ញប្រិតប្រឹងប្រដៅគេ។ |
កូនចៅទោះធំតូច | | ខុសខិលខូចខឹងវាយជេរ |
មារយាទខ្លួនខុសគេ | | មិនគ្នាន់គ្នេរកិរិយាឯង ។ |
កូនចៅទាំងស្រីប្រុស | | ការត្រូវខុសគួរគិតក្រែង |
គិតគ្រប់សព្វកន្លែង | | តែងនឹងមានរាល់រូបកាយ ។ |
ភ្នែកបើកភ្លឺមានពិត | | មើលឃើញជិតៗរៀងអាយ |
ភ្នែកធ្មេចមើលឃើញឆ្ងាយ | | សព្វសុសសាយមិនសេសសល់។ |
រៀនរកស៊ីលក់ទិញ | | ខាតចំណេញគិតឲ្យដល់ |
ឲ្យដឹងការកិច្ចកល | | ទើបកើតផលប្រយោជន៏ខ្លួន។ |
ឲ្យរៀនលេខនព្ធន្ត | | បូកហាគុណឲ្យមាំមួន |
ដីសនិងក្តារឆ្នួន | | ក្រែងចិនយួនបំបាត់បាន។ |
ជញ្ជីងភ្នែកមានល្បាក់ | | មើលឲ្យជាក់កុំប្រមាណ |
ក្រែងខុសខាតមិនខាន | | ធ្លាប់រាប់អានកុំទុកចិត្ត។ |
ភ្នែកមនុស្សធំរលីង | | ភ្នែកជញ្ជីងគេចុចល្ឥត |
អ្នកល្អថ្លឹងប្រឹងប្រឹត | | ព្រោះអាណិតខ្មែរល្ងង់ខ្លៅ ។ |
ចិនមានពីដូរលក់ | | ស្រូវកន្ទក់កន្តាំងតៅ |
របស់ទោះឆ្អិនឆៅ | | សំពត់អាវខោខ្មៅស។ |
ខ្មែរអាងស្រូវក្នុងដោក | | ដូរថ្លៃថោកអាក្រក់ល្អ |
អស់ស្រូវទៅជាក្រ | | អង្វរចិនជឿស្រូវឯង ។ |
ធ្វើស្រែនឿយហត់ណាស់ | | ចិននៅផ្ទះដេកចំខែង |
ផ្ទះចិនពីរបីល្វែង | | មានកន្លែងជង្រុកស្រូវ។ |
ជាតិខ្មែរឥតគំនិត | | ស៊ីមិនគិតមើលខុសត្រូវ |
ជឿចិនរាល់រដូវ | | កេរ្តិ៍ម៉ែឪចិនអូសអស់ ។ |
ចិនមកពីស្រុកនាយ | | មានសំពាយជារបស់ |
មិនទាន់ចេះខ្មែរសោះ | | គ្មានកេរកោះស្រែចំការ ។ |
កែវកចង្រ្កានឆ្នាំង | | ផ្សំកំលាំងនិងប្រាជ្ញា |
អំរែកជិះលើស្មា | | មានម្លូស្លាជាដើមទុន។ |
ទំនិញមានគ្រប់មុខ | | ផ្ទាល់ផ្ទេរទុកដាក់ដោយធុន |
ចិនរែកមិនដែលពុន | | ស្រូវជោរជន់ពេញជង្រុក។ |
ឈប់រែកដេកអង្គុយ | | រាប់កាក់លុយប្រមូលទុក |
ឪទិនស្រាពីមុខ | | ទុកជាធ្នាក់ទាក់កខ្មែរ ។ |
ចិនច្រើនខ្មាំងចិត្តខ្មៅ | | កន្តាំងតៅធ្វើជាស្រែ |
គ្មានត្បាល់គ្មានអង្រែ | | អង្ករខ្មែរចូលបាវចិន ។ |
ជាតិខ្មែរច្រើនឥតខ្មាស | | ស្រេកស្រាណាស់ផឹកជឿសិន |
គំនិតគិតមិនឆ្អិន | | ផឹកបង្ហិនតែទ្រព្យឯង ។ |
កំណើតអ្នកផឹកស្រា | | បែកប្រាជ្ញាច្រើនកន្លែង |
អ្នកម្យ៉ាងបែកខាងល្បែង | | មិនគិតក្រែងខ្លាចខ្លួនក្រ ។ |
អាម្យ៉ាងបែកលួចឆក់ | | មារយាទអាក្រក់មិនបានល្អ |
ផឹកចោលការរបរ | | ផឹកថ្មើម៉ានចិនមិនគិត ។ |
ថាចិនមិនចេះកាញ់ | | ប្រាប់សំលាញ់ពួកម៉ាកមិត្ត |
គូកនទោះឆ្ងាយជិត | | រឹតប្រមូលលុយឲ្យចិន ។ |
ត្រូវស្រាចង់ស៊ីឆ្ងាញ់ | | ធុំឆាខ្លាញ់បក់ឆួលក្លិន |
ឃើញបាយសម្លឆ្អិន | | ផ្គាប់ចិត្តចិនយកបាយស៊ី។ |
ផឹកទឹកបោយត្រលោក | | មារយាទទាបថោករិកសៀធី |
ចិនប្រើសែងរែកលី | | ស៊ីញយៗចិនមើលងាយ ។ |
ជាតិចិនកំណាញ់ស្វិត | | នឹកក្នុងចិត្តមិននិយាយ |
មារយាទខ្មែរច្រើនរាយមាយ | | រលាយទ្រព្យអភ័ព្វខ្លួន។ |
ស៊ីឆ្ងាញ់ឆ្អែតស្កប់ស្កល់ | | ទាបថោកដល់ប្រពន្ធកូន |
អាប់យសទាំងបងប្អូន | | ដល់តាដូនពូជពង្សខ្មែរ។ |
ជាតិចិនសុទ្ធសឹងស | | មានទ័លក្រខ្សត់ខ្លះដែរ |
ស៊ីផឹកស្និទ្ធតាមសែ | | តមបាយខ្មែរមិនស៊ីសោះ ។ |
មានផ្ទះមានដំណាំ | | កាប់ដីដាំដោយកៀនកោះ |
ដំឡូងត្រាវចេកម្នាស់ | | ស៊ីមិនអស់ទុកលក់ដូរ ។ |
ខ្មែរច្រើនខ្ជិលប្រមឹក | | កែងកោងរិកអួតអម្បូរ |
ខ្វះលុយអង្គុយថ្ងូរ | | កើបបង្ហូរស្រូវជង្រុក ។ |
កូនអើយរឿងដំណាំ | | គួរតែដាំឲ្យគ្រប់មុខ |
ដីកេរម្តាយឪពុក | | មិនត្រូវទុកចោលទំនេរ ។ |
រាជការវាស់មានថ្លៃ | | ផ្តិតមេដៃផ្តាច់ជាកេរ |
មិនវាស់លេងទទេ | | រេរិះយកពន្ធរាល់ឆ្នាំ ។ |
ដូងស្វាយអំពៅចេក | | កុំខ្ជិលពេកដេកប្រចាំ |
ម្លូស្លាម្រេចខ្ទឹមថ្នាំ | | ត្រូវតែដាំកុំឲ្យខ្វះ។ |
ទេសឯកសំពត់ស | | ដីវាលល្អដាំកប្បាស |
កុំខ្ជិលតាមចាស់ៗ | | មនុស្សនឿយណាស់មិនដែលក្រ។ |
បន្លែដាំគ្រប់មុខ | | យកគ្រាប់ទុកដាំបន្ត |
ចាក់ដីជាតិល្អៗ | | បង្ការស្លពេលល្ងាចព្រឹក។ |
ម្លូស្លាថ្នាំខ្ទឹមម្រេច | | លូតលាស់លេចពីស្រោចទឹក |
បានផលផ្លែរឺស្លឹក | | កុំឆ្មើងរិកវាក្រខ្លួន។ |
ត្រីងៀតផ្អកប្រហុក | | ខ្មែរគ្រប់ស្រុកទិញដូរយួន |
អំបិលធូបក្រមួន | | ពីតាដូនតែងដូរទិញ។ |
ដូរទុកដាក់ដំកល់ | | ស៊ីឲ្យដល់ខួបខែវិញ |
ឲ្យបរិបូរពោរពេញ | | ខាតចំណេញកុំទិញតិច។ |
អំបិលទិញមួយចុង | | ច្រកពេញអុងអាងខាងលិច |
កុំទិញក្តោបខ្ចប់វេច | | អស់រំពេចគេចទិញទៀត។ |
អំបិលមួយស្រូវបី | | វាល់នឹងល្អីទូលកណ្តៀត |
ខ្លួនក្រត្រដរេឆ្លៀត | | មារយាទយ៉ាងហ្នឹងកុំប្រព្រឹត្ត។ |
កូនចៅទាំងប្រុសស្រី | | គួរគប្បីប្រុងគំនិត |
ចិញ្ចឹមជន្មជីវិត | | គិតឲ្យវែងកុំគិតខ្លី។ |
ទំនេរល្ហែធ្វើការ | | សូត្រធម៌អាថិទាំងប្រុសស្រី |
ឲ្យត្រឹមត្រូវបាលី | | ដូចស្រដីខាងដើមស្រាប់ ។ |
រាល់រូបទាំងប្រុសស្រី | | កាលចេះស្តីព្រោះចេះស្តាប់ |
ម៉ែឪតំរូវប្រាប់ | | កូនចៅត្រាប់តាមដូនតា។ |
ចាស់ម្យ៉ាងសាងសីលទាន | | មិនបំពានខុសពុទ្ធដិកា |
កូនកាត់តាមមេបា | | មិនទៅណាឆ្ងាយពីផ្លូវ។ |
ចាស់ម្យ៉ាងសាងផលកម្ម | | ស្អប់សីលប្រាំដូចសត្រូវ |
កូនកាត់តាមម៉ែឪ | | អាស្រូវភាសវិនាសខ្លួន ។ |
មិនជឿមគ្គជឿផល | | ធ្លាក់ទៅដល់អបាយបួន |
កងកម្មចាំគំគួន | | គេចវេះពួនមិនកំបាំង ។ |
ព្រះអង្គមានពុទ្ធដីកា | | ប្រៀបឧមាជាទីតាំង |
ដូចគេមានកំលាំង | | សំរាំងទុកទឹមរទេះ ។ |
នឹងបរផ្លូវវៀចត្រង់ | | រឺនឹងចង់បរគេចវេះ |
កង់វិលមិនរបេះ | | ជិះជើងគេមិនឃ្លាតឃ្លា។ |
រាល់រូបទាំងតូចធំ | | ចូលរូងភ្នំរូងគុហា |
យកថ្មផ្ទាំងរាំងទ្វារ | | កម្មវេរាតោងតាមបាន ។ |
កងសីលមានអង្គប្រាំ | | វេរាកម្មដិតដោយដាន |
នរកប្រេតតិរច្ឆាន | | ខានឃាត់ខាំងរាំងមគ្គផល ។ |
គួរខំសាងសីលទាន | | យកនិពា្វនជាត្រើយថ្នល់ |
យូរឆាប់គង់តែដល់ | | កុសលជួយចាកសង្សារ ។ |
កូនចៅរិះរេគិត | | មើលគំនិតចិត្តដូនតា |
ប្រព្រឹត្តខុសសាសនា | | គេចកិរិយាកុំធ្វើត្រាប់ ។ |
មើលចាស់ណាត្រឹមត្រូវ | | ចុះក្នុងផ្លូវកន្លងច្បាប់ |
ចាស់ស្តីគប្បីស្តាប់ | | ប្រិតព្រៀងប្រាប់ឲ្យប្រុងចាំ។ |
គោរពគុណទាំងបី | | សូត្របាលីតាមចំណាំ |
រក្សាអង្គសីលប្រាំ | | កម្មវេរាតាមមិនទាន់ ។ |
សាសនានៅវែងឆ្ងាយ | | កន្លងបា្លយជាងពីរពាន់ |
សព្វថ្ងៃលៃគ្នេគ្នាន់ | | មិនទាន់គ្រប់ជាងប្រាំរយ។ |
ឥឡូវចិតប្រាំបី | | នៅម្ភៃមួយខាងក្រោយ |
កូនចៅកុំបណ្តោយ | | ឲ្យលិចលង់ក្នុងសង្សារ។ |
មានពាក្យចាស់ដំណាល | | ថាកណ្តាលព្រះសាសនា |
ទំនាយក្បួនតំរា | | ថានឹងរៀវហើយរីកវិញ ។ |
ហេតុនេះអស់កូនចៅ | | ទោះល្ងង់ខ្លៅយ៉ាងណាមិញ |
ខំអុស្សាហ៏ទន្ទេញ | | បំពេញពាក្យពុទ្ធទំនាយ។ |
តំណពីថ្ងៃនេះ | | រៀនតំរិះកុំរាយមាយ |
កូនណាមិនស្វាធ្យាយ | | មិនរលាយរលត់ទុក្ខ។ |
ដល់សាសនាគ្រប់គ្រាន់ | | ជួបប្រាំពាន់ទៅខាងមុខ |
ទំនាយរាយទំនុក | | ថាឪពុកម្តាយស្អប់កូន។ |
ថាកើតអន្តរកប្ប | | គុំសម្លាប់គ្នាបងប្អូន |
មិនដឹងតាដឹងដូន | | សូន្យសីលទានមិនមានសល់។ |
គួរគិតកុំសាងកម្ម | | កាន់សីលប្រាំចាំដំកល់ |
ខំសាងមគ្គសាងផល | | នឹងបានដល់ឋានសាន្តសុខ។ |
នឹងរួចពីកាប់ចាក់ | | មិនបានធ្លាក់ទៅនរក |
ព្រះសិរអារ្យត្រាស់ខាងមុខ | | រាសាយទុក្ខសោករាល់ថ្ងៃ។ |
នេះហៅច្បាប់បណ្តាំ | | ថាពាក្យប្រាំៗមួយផ្ទូន |
បទព្រហ្មគ្រប់ឃ្លាបួន | | ជួនចែងចប់ម្ល៉េះហើយហោង។ |
0 Comments